យោងតាមសារព័ត៌មានថ្មីថ្មី៖ ឆមាសទី១ បើទោះបីជាប្រឈម នឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ តែសេដ្ឋកិច្ចកម្ពុជានៅសម្រេចបានកំណើន ៥,៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយ ការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យ បន្តមានភាពទន់ខ្សោយ។
របាយការណ៍ឆមាសទី១របស់ធនាគារ ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានបង្ហាញថាវិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន ៩,៥ភាគរយ។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ១០,៤ភាគរយ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨,៥ភាគរយ។
ធនាគារជាតិបានបញ្ជាក់ថា ការនាំចេញផលិតផលកម្មន្តសាល គឺបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអត្រា១៥,៣ភាគរយនៅឆមាសទី១ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៤ មានត្រឹម៨,៧ភាគរយ។ កំណើនេះ បានដោយសារការសម្រុកនាំចេញយ៉ាងគំហុកមុនពេលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ បើតាមរបាយការណ៍ដដែល កំណើននេះ គាំទ្រចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលិចឡើង ដូចជា សំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើង និងបង្គុំខ្សែភ្លើង។
សម្រាប់វិស័យទេសចរណ៍ បន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវ អន្តរជាតិនិងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗដែលចូលរួមទាក់ទាញ អ្នកទស្សនា។ ភ្ញៀវអន្តរជាតិកើន ៦,២ភាគរយ ដល់ ៣,៤លាននាក់ ដែលក្នុងនោះ ភ្ញៀវថៃឈរនៅលំដាប់ទី១ ស្មើនឹង២៧,៦ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជា ក្នុងឆមាសទី១។ បន្ទាប់មក វៀតណាម និងទេសចរជនជាតិចិន។
ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស (សមាមាត្រ ៤២,៣ភាគរយ នៃភ្ញៀវអន្តរជាតិ សរុប) កើន ២៣,៧ភាគរយ និងតាមផ្លូវគោកនិងផ្លូវទឹក (សមាមាត្រ ៥៧,៧ភាគរយ) ថយ ៣,៧ភាគរយ។ ទន្ទឹមនេះ កម្ពុជារំពឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៧,២ ទៅ ៧,៥ លាននាក់ នៅដំណាច់ឆ្នាំ២០២៥។ ការរំពឹងបែបនេះ ដោយសារការគាំទ្រជាចម្បងដោយវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។
ក្នុងនោះផងដែរ ចំណូលទេសចរណ៍អន្តរជាតិត្រូវបានប៉ាន់ស្មានថា ទទួលបាន១,៩ពាន់លានដុល្លារអាម៉េរិក កើន ៩,១ភាគរយ ធៀបនឹងឆមាសទី១កាលឆ្នាំ២០២៤ ខណៈចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបាន ២៦,៣ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ទេសចរក្នុងស្រុកបន្តកើន ៥០,៣ភាគរយ ដល់ ១៤,៦ លាននាក់។ រាជធានីភ្នំពេញ ឈរនៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេ ដែលមានសមាមាត្រ ៣៨,៤ភាគរយនៃទេសចរ ក្នុងស្រុកសរុប។ ទី២ គឺតំបន់ឆ្នេរ (៣៦,៦ភាគរយ) ខណៈខេត្តសៀមរាបឈរនៅលំដាប់ទី៣ (១៦ភាគរយ) និង តំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី ៤ (១,៩ភាគរយ)។
ចំពោះ វិស័យកសិកម្មបន្តទទួលបានកំណើន ១,២ភាគរយ។ កំណើននេះគាំទ្រដោយកំណើនផលដំណាំ និង ធនធានជលផល។ បើរបាយការណ៍ធនាគារជាតិនៃកម្ពុជា ផលស្រូវរដូវប្រាំងបានកើន ១០,៩ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤ (កើន ១២,១ភាគរយ) ដល់ ៤,៣ លានតោន ។ ការណ៍នេះ ដោយសារ ភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រ។ ទន្ទឹមនេះ ការកើនឡើងនៃ ថ្លៃស្រូវ នាឆ្នាំ២០២៣-២០២៤ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះ ផ្ទៃដីដាំដុះ ស្រូវរដូវវស្សាក៏បានកើន ៤,៤ភាគរយ ធៀបនឹងឆមាសទីឆ្នាំមុន គឺធ្លាក់ចុះ៧,៥ភាគរយ។
ផលជ័រកៅស៊ូកើនឡើង ១,៣ភាគរយ ដល់ ១៤២,៥ ពាន់តោន ដោយសារកំណើនតម្រូវការ ស្របពេលតម្លៃជ័រកៅស៊ូជាមធ្យមបន្តកើនឡើងខ្ពស់ ៣០,១ភាគរយ ដល់ ១ ៩៨៦ ដុល្លារអាម៉េរិក ក្នុងមួយតោន។ តម្លៃនេះ ធៀបនឹងឆមាសទី១ឆ្នាំ២០២៤ មានតម្លៃត្រឹម ១ ៥២៣ ដុល្លារអាម៉េរិក ក្នុងមួយតោន។
រីឯ ធនធានជលផលបានកើនដល់១៥,៨ភាគរយ បន្ទាប់ពីថយចុះ ៣,៧ភាគរយ កាលពីគ្រាដូចគ្នាឆ្នាំ២០២៤។ ក្នុងនោះ ផលនេសាទទឹកសាបនិងសមុទ្របានកើន ២៣,២ភាគរយ ដែលជាចម្បងដោយសារការពង្រឹង វិធានការទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ស្របពេលដែលផលវារីវប្បកម្ម កើន ៦ភាគរយ។
តែយ៉ាងណាមិញ វិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើនទាប ០,៨ភាគរយ។ ការណ៍នេះ ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សន្ទស្សន៍ថ្លៃ លំនៅឋាន (RPPI) រួមថយចុះជាមធ្យម ៣,៦ភាគរយ ដែលក្នុងនោះ នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត បានថយ ៣,៦ភាគរយ និង ៧,១ភាគរយរៀងគ្នា។ ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានបែងចែក តាមប្រភេទ សមាមាត្រ ៤៨,៦ភាគរយ នៃឥណទានសរុបបានថយចុះប្រមាណ ១៧,២ភាគរយ។
ជារួម ទោះក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងភាពមិនច្បាស់លាស់ក្តី ក៏ប៉ុន្តែនៅឆមាសទី១ កម្ពុជាសម្រេចបានក្នុងអត្រា៥,៩ភាគរយ។ កំណើននេះ បានដោយសារការកើនឡើងនៃវិស័យ កម្មន្តសាល ទេសចរណ៍ និងកសិកម្ម។ ចំណែកឯ អត្រាអតិផរណាមានកម្រិត ៣,៥ភាគរយ ដែលបណ្តាល មកពីកំណើនថ្លៃក្រុមម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹង ប្រេងឥន្ធនៈបានថយចុះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០១១ រៀលក្នុងមួយដុល្លារ ដោយប្រាក់រៀលបានឡើងថ្លៃ ១,៦ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤។ នេះជាអះអាងរបស់ធនាគារជាតិដែលសមតុល្យជញ្ជាំងទូទាត់មានអតិរេក ២៧៥,៥ លានដុល្លារ គាំទ្រជាចម្បងដោយលំហូរចូលសុទ្ធនៃគណនីហិរញ្ញវត្ថុ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២៤,៨ពាន់លានដុល្លារ ស្មើនឹង ៧,៥ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។
លើសពីនេះ ប្រព័ន្ធធនាគារនៅកម្ពុជា គឺបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្មមាន៧,៣ភាគរយ កំណើនឥណទានមាន២,៩ភាគរយ និងកំណើនប្រាក់បញ្ញើមាន ១៤,៥ភាគរយ។ ប្រព័ន្ធធនាគារនៅកម្ពុជាបច្ចុប្បន្ន គឺមានធនាគារពាណិជ្ជ៥៩, ធនាគារឯកទេស ៨,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ(MDI)៤ , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបប្រាក់បញ្ញើ(MFI) ៨៥, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមាន១៣, គ្រឹះស្ថានឥណទានជនបទមាន១១២, អ្នកដំណើរការតតិយភាគីមាន៤, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់មាន២៩, ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន(CBC)មាន១, ការិយាល័យតំណាងបរទេសមាន៥ និងអាជីវកម្មប្តូរប្រាក់មាន ៣ ៤០៧៕
ប្រភព:https://www.thmeythmey.com